Napoleon Hill (១៨៨៣ -១៩៧០) គឺជាអ្នកនិពន្ធជនជាតិអាមេរិចដ៏ល្បីល្បាញមួយរូប។ សៀវភៅ មួយរបស់គាត់ឈ្មោះ Think and Grow Rich ឬ “គិត និង កសាងខ្លួនដើម្បីក្លាយជាអ្នកមាន” ជាសៀវភៅមួយក្នុងចំណោមសៀវភៅដែលលក់ដាច់បំផុតក្នុងលោក។ ក្រៅពីការងារតែងនិពន្ធ លោក Hill ក៏ធ្លាប់ធ្វើជាទីប្រឹក្សារបស់ប្រធានាធិបតីអាមេរិច Franklin D. Roosevelt ពីឆ្នាំ១៩៣៣ ដល់ឆ្នាំ១៩៣៦ផងដែរ។ ក្នុងសៀវភៅរបស់គាត់ឈ្មោះ Keys to Success ឬ “គន្លឹះនៃភាពជោគជ័យ” Hill និយាយអំពីគោលការណ៍១៧ យ៉ាងសម្រាប់ទទួលជោគជ័យ។ គោលការណ៍ទាំងនេះ អាចសង្ខេប បានដូចខាងក្រោម៖ ១. ភាពប្រាកដប្រាជានៃគោលដៅ ការកំណត់គោលដៅ គឺជាចំណុចចាប់ផ្តើមនៃគ្រប់សមិទ្ធិផលទាំងអស់។ បើគ្មានគោលបំណង និង ផែនការទេ មនុស្សយើងនឹងអណ្តែតត្រសែតដោយគ្មានទិសដៅពេញមួយជីវិត។ ២. ចេះចងសម្ព័នភាពល្អ គោលការណ៍នេះកំណត់ថា ជោគជ័យពឹងផ្អែកទៅលើការសហការល្អជាមួយមនុស្សដទៃទៀត។ សម្ព័ន្ធភាព មានន័យថា មនុស្សពីរនាក់ ឬ លើសពីនេះ ធ្វើការដោយយល់គ្នាឥតខ្ចោះ ដើម្បីសម្រេចគោលដៅរួម ជាក់លាក់ណាមួយ។ គ្មាននរណាម្នាក់អាចសម្រេចការធំ ដោយគ្មានធ្វើការជាមួយអ្នកផ្សេងទៀតទេ។ ៣. មានជំនឿទុកចិត្ត ជំនឿចិត្ត គឺជាស្ថានភាពចិត្ត ដែលអាចប្រែក្លាយគោលដៅ បំណងប្រាថ្នា ផែនការ និង គោលបំណងទៅជាការពិត។ ៤. ប្រឹងប្រែងធ្វើការឲ្យលើសពីអ្វីដែលរំពឹងទុកទៅទៀត មានន័យថាត្រូវបំពេញតួនាទីដោយត្រឹមត្រូវ និងបើចាំបាច់ធ្វើឲ្យលើសពីអ្វីដែលតួនាទីនោះតម្រូវមក ដើម្បីសម្រេចគោលដៅ។ នៅពេលដែលយើងធ្វើបែបនេះ យើងនឹងទទួលបាននូវសំណង ឬ រង្វាន់ដ៏សមស្របតាមនោះដែរ។ ៥. មានចរិតគួរឲ្យចូលចិត្ត ចរិតឬបុគ្គលិកលក្ខណៈ គឺជាការបូកបញ្ចូលគ្នារវាងលក្ខណៈសម្បត្តិទាំងផ្លូវកាយ ផ្លូវចិត្ត និង អារម្មណ៍ និងទម្លាប់ ដែលធ្វើឲ្យយើងម្នាក់ៗ ប្លែកពីអ្នកដទៃទៀត។ វាជាកត្តាមួយដែលកំណត់ថា តើអ្នកដទៃចូលចិត្ត ឬ មិនចូលចិត្តយើង។ ៦. ការផ្តួចផ្តើមផ្ទាល់ខ្លួន ការផ្តួចផ្តើមផ្ទាល់ខ្លួនគឺជាកម្លាំងសំខាន់បំផុត ដែលជម្រុញឲ្យយើងបញ្ចប់កិច្ចការដែលយើងបានចាប់ផ្តើម។ វាជាកម្លាំងដែលបញ្ឆេះរាល់សកម្មភាពទាំងអស់។ មនុស្សអាចមានសេរីភាពពេញលេញបាន តែពេលណា គេចេះរៀនគិតដោយខ្លួនឯង ហើយហ៊ានធ្វើដោយខ្លួនឯង។ ៧. ការគិតក្នុងផ្លូវវិជ្ជមាន គ្រប់កាលៈទេសៈទាំងអស់ ការមានគំនិតសុទិដ្ឋិនិយមគឺជាឥរិយាបទគំនិតដែលត្រឹមត្រូវជានិច្ច។ គំនិតជោគជ័យទាក់ទាញជោគជ័យបន្ថែមទៀត ខណៈដែលគំនិតបរាជ័យ ក៏ទាក់ទាញតែបរាជ័យដែរ។ ៨. ភាពក្លៀវក្លា ភាពក្លៀវក្លាគឺជាជំនឿដែលកំពុងធ្វើសកម្មភាព។ វាជាអារម្មណ៍យ៉ាងប្រពល ប្រៀបដូចជាបំណងប្រាថ្នាដ៏ខ្លាំងដែរ។ អារម្មណ៍នេះផុសចេញពីក្នុងខ្លួន ហើយស្តែងចេញមកក្រៅតាមរយៈសម្លេង និង ទឹកមុខ។ ៩. ចេះគ្រប់គ្រងខ្លួន ការគ្រប់គ្រងខ្លួន ចាប់ផ្តើមពីការចេះគ្រប់គ្រងគំនិត។ បើយើងមិនចេះគ្រប់គ្រងគំនិតទេ យើងមិនអាចគ្រប់គ្រងតម្រូវការខ្លួនឯងបានទេ។ ការគ្រប់គ្រងខ្លួន តម្រូវឲ្យយើងចេះបង្កើតលំនឹងរវាងអារម្មណ៍ក្នុងបេះដូង ជាមួយ នឹងការពិចារណារកហេតុផលនៅក្នុងខួរក្បាលរបស់យើង។ ១០. ការគិតត្រូវ អំណាចនៃគំនិត គឺជាអំណាចដ៏មានប្រយោជន៍ ប៉ុន្តែក៏ជាអំណាចដែលអាចមានគ្រោះថ្នាក់បំផុតដល់មនុស្សដែរ ពោលគឺអាស្រ័យទៅលើការប្រើប្រាស់ការគិតនោះ។ ១១. ការផ្តោត ការផ្ចង់អារម្មណ៍ នាំទៅរកជំនាញនៅក្នុងគ្រប់អ្វីដែលមនុស្សធ្វើ ពីព្រោះវាធ្វើឲ្យយើងអាចផ្តោតកម្លាំង នៃគំនិតរបស់យើងទៅលើការសម្រេចគោលដៅជាក់លាក់ណាមួយ ហើយរក្សាវាឲ្យត្រូវតាមទិសដៅដែលយើងចង់បាន។ ១២. ការចេះធ្វើការរួមគ្នាជាក្រុម ការធ្វើការរួមគ្នាគឺជាការសហការដោយចុះសម្រុងគ្នា ក្នុងលក្ខណៈស្មគ្រចិត្ត ដោយសេរី និងចេញពីឆន្ទៈ ផ្ទាល់ខ្លួន។ នៅក្នុងវិស័យជំនួញ ឬ ឧស្សាហកម្ម នៅពេលណាដែលសតិអារម្មណ៍នៃការធ្វើការជាក្រុមមានកម្រិតខ្លាំង ជោគជ័យច្បាស់ជានឹងមកដល់ដែរ។ ការសហការដោយចុះសម្រុងគ្នាគឺជាទ្រព្យសម្បត្តិ ដែលមិនអាចកាត់ថ្លៃបានឡើយ។ ១៣. ឧបសគ្គ និង បរាជ័យ ភាពជោគជ័យរបស់បុគ្គល គឺវាសមាមាត្រទៅនឹងទំហំបរាជ័យ ដែលបុគ្គលនោះបានជួបប្រទះ និងដកពិសោធន៍។ អ្វីដែលគេហៅថាបរាជ័យនោះ គឺគ្រាន់តែជាការបរាជ័យបណ្តោះអាសន្នប៉ុណ្ណោះ ហើយតាម ពិតប្រហែលជាការល្អទៅវិញផងក៏មិនដឹង។ ១៤. ចក្ខុវិស័យប្រកបដោយប្រឌិតញាណ ចក្ខុវិស័យប្រកបដោយប្រឌិតញាណ កើតឡើងតាមរយៈការប្រើប្រាស់ការស្រមើស្រមៃដោយសេរី និងគ្មានការ ភ័យខ្លាច។ វាមិនមែនជាលក្ខណៈសម្បត្តិអស្ចារ្យដែលទទួលបានពីធម្មជាតិទេ ពោលគឺវាកើតឡើងតាមរយៈការហ៊ានស្រមើស្រមៃប៉ុណ្ណោះ។ ១៥. សុខភាព សុខភាពល្អ ចាប់ផ្តើមឡើយដោយស្មារតីយល់ដឹងអំពីលក្ខណៈដែលនាំឲ្យសុខភាពល្អ ប្រៀបដូចជាភាពជោគជ័យផ្នែកហិរញ្ញវត្ថុ កើតឡើងដោយសារស្មារតីយល់ដឹងអំពីភាពមានបានដែរ។ ១៦. ការចេះលៃលកប្រើប្រាស់ពេលវេលា និងលុយកាក់ ពេលវេលា និងលុយកាក់គឺជាធនធាតុដ៏មានតម្លៃ ហើយអ្នកជោគជ័យតែងតែគិតថាគេខ្វះខាតរបស់ទាំងពីរនេះរហូត។ ១៧. ទម្លាប់ ការបង្កើតទម្លាប់ល្អនាំទៅរកសន្តិភាពខាងផ្លូវចិត្ត សុខភាពល្អ និង សន្តិសុខខាងផ្នែកហិរញ្ញវត្ថុ។ "What the mind of man can conceive and believe, it can achieve" - Napolean Hill
0 Comments