អាជ្ញាធរបានចុះទៅណែនាំស៊ុន អ៊ូខុងហើយ ក្រោយពីលក់បាយឆាលើផ្លូវសាធារណៈ

«ស៊ុន អ៊ូខុង បាយឆា» នៅក្រុងព្រះសីហនុបានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គម ក្រោយពីមានការស្លៀកពាក់ ស៊ុនអ៊ូខុង ថាំងចេង ប៉ាជេជាដើមឲ្យដូចទៅនឹងរឿងភាគបុរាណចិន តែពួកគេបានលក់នៅលើផ្លូវសាធារណៈ សម្រាប់ថ្មើរជើងទៅវិញ។

បើតាម លោកស្រី ឈុន ដារី អភិបាលរងក្រុងព្រះសីហនុ បានលើកឡើងទាក់ទងនឹងករណីនេះថា «ការ៉ូឡាផ្លូវសាធារណៈខេត្តរៀបឡើងស្អាតដើម្បីទេសចរ និងប្រជាពលរដ្ឋដើរថ្មើរជើងហាត់ប្រាណជាដើម តែអ្នកលក់មួយចំនួនតូចមកយកធ្វើជាទីតាំងដាក់តុកៅអីលក់ លើការ៉ូឡា ចោលសំរាម បង្ហូរទឹកកខ្វក់ធ្វើឱ្យស្អុយ គគ្រិច ខូចបាក់បែកការ៉ូឡា ទាំងនោះហើយបើក្រុមការងារមិនចុះទៅរៀបទេ ទីតាំងសាធារណៈទាំងនោះក្លាយជាទីតាំងអនាធិតេយ្យ ដំបូងពួកគាត់លក់ជាម៉ូតូរ៉ូម៉កមកលក់ យូរៗសង់រោង យូរៗក្លាយជាផ្ទះ ឱ្យរើចេញមិនចេញ ទាល់តែមានការដោះដូរស្អីមួយទើបចេញ។»

យ៉ាងណាកាលពីល្ងាចថ្ងៃទី ១៤ ខែឧសភា ក្រុមការងារ អាជ្ញាធរសណ្ដាប់ធ្នាប់ក្រុងបានចុះទៅណែនាំកុំឱ្យលក់លើការ៉ូឡា ផ្លូវសាធារណៈបែបនេះបន្តទៀត ដោយឱ្យរកកន្លែងលក់សមរម្យ ឬជួលកន្លែងគេសម្រាប់លក់ ហើយក្រោយពីលក់ត្រូវជួយសម្អាត និងរៀបចំអនាម័យឲ្យបានល្អ។

ជាមួយគ្នានោះដែរ បើតាមលោកស្រី ឈុន ដារី ថ្លែងនៅលើបណ្ដាញសង្គមក៏បានអរគុណទៅដល់លោក ស៊ុនអ៊ូខុងសម្រាប់ការចូលរួមជាមួយអាជ្ញាធរ ដើម្បីសោភ័ណ្ឌភាព និងមុខមាត់ក្រុងយើង។

មតិ

Post a Comment

0 Comments